4/1/09

ប្រវត្តិសង្ខេបនៃវត្តមុនីរង្សីសិរីវរារាម

ប្រវត្តិសង្ខេបនៃវត្តមុនីរង្សីសិរីវរារាម(វត្តស្វាយពក)
ឃុំកំពង់តារាជ្យ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែនដីសណ្តទន្លេមេគង់


បុព្វភា

នៅក្នុងកម្លង់ពុទ្ធសតវត្សរ៍ទី ២១ ព.ស. ២១១១ ត្រូវនឹងគ្រឹស្តសតវត្សរ៍ទី ១៥ នៃ គ.ស.១៥៦៧ ត្រូវនឹងឆ្នាំថោះ នព្វស័ក។

នៅក្នុងរយៈកាលនោះមានឧបាសក ថាច់ ពុធ និង ឧបាសិកានាម គឹម ប្រឺ ដោយ​គាត់យល់ឃើញថាប្រជាពុទ្ធបរិសទ្យ មានការលំបាកក្នុងការបំពេញនូវបុញ្ញកិរិយាវត្ថុទាំងឡាយ ព្រោះនៅក្នុង សម័យនោះ ផ្នែកខាងវត្តអារាមនៅមានការក្សត់ខ្សោយពន់ពេកណាស់ ម្យ៉ាងទៀត ក្នុងចំណុះស្រុកទាំងមូល ក៏មានចំនួនប្រជាជនច្រើនកុះករ ។ ដោយមានឆន្ទៈជាមូលដ្ឋាន ដើម្បី ឲ្យមានទីស្ថានមួយសម្រាប់ពុទ្ធសាសនិកជនទូទៅ បំពេញនូវកុសលធម៌ទាំងពួង ទើបគាត់ក៏បាន ចេញមុខជាមគ្គុទ្ទេសក៍ ហើយទៅអារាធនានិមន្តព្រះពហ្សូតព្រះនាម ថាច់ ច័ន្ទ គង់នៅវត្តកំពង់ហ្លួង ដើម្បីធ្វើជាប្រធានក្នុងការកសាង ។ មិនតែប៉ុណ្ណោះសោត ឧបាសក ឧបាសិកា នេះថែមទាំងបាន ប្រគេនដីភូមិ ដែលជាកម្មសិទ្ធិរបស់ខ្លួនចំនួន ២០ កុង (២ ហិកតា) ដើម្បីកសាងវត្ត ។

ក្នុងការកសាងវត្តនេះ មានការជួបប្រទះនូវមហាឧបសគ្គច្រើនបែប ច្រើនយ៉ាងណាស់ តែអាស្រ័យនៅលើគោលជំហរ តស៊ូ ប្តូរផ្តាច់របស់ព្រះតេជគុណ រួមជាមួយនឹងពុទ្ធបរិស័ទ បានជំនះទៅលើរាល់ការលំបាក និងពុះពាគ្រប់ឧបសគ្គ ព្រមទាំងប្តេជ្ញា តស៊ូក្នុងការស្ថាបនា កសាងនេះឲ្យបានសម្រេចដូចបំណង ។

ព្រះតេជគុណ ក៏ដូចជាពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ បញ្ចញអស់ពីសមត្ថភាព ទាំងកម្លាំងកាយ និងកម្លាំងសទ្ធា ឥតមានរួញរា ដរាបដល់បានសម្រេច ។

ឆ្នាំម្សាញ់ ឯកស័ក ព.ស. ២១១៣ គ.ស. គ.ស. ១៥៦៩ ធ្វើបុណ្យបញ្ចុះសីមា ព្រមទាំងបដិស្ឋាន ព្រះពហូស្សូត ព្រះនាម ថាច់ ច័ន្ទ ឡើងជាចៅអធិការ ។ វត្តនេះ ប្រាកដនាមថា ព្រះពោធិវង្សារាម ដោយមានត្រាធ្វើអំពី ស្ពាន់ទុកជា សក្ខីភាព ។

No comments: