4/1/09

សណ្ឋានភាពភូមិស្វាយពក

សណ្ឋានភាពភូមិស្វាយពក

ភូមិស្វាយពកជាភូមិមួយនៅចន្លោះភូមិជំនិត និងភូមិជ្រៃធំ , មានបណ្តោយជា ៣គ.ម.។ បុរាណស្ថានក្នុងភូមិស្វាយពកនាពេលបច្ចុប្បន្ន ៖
១. នៅភាគខាងកើតមានត្រពាំងវែងមួយមានបណ្តោយប្រហែល ៣០០ ម៉ែត្រ ទទឹងជាង ៥០ ម៉ែត្រ ។ ត្រពាំងនេះពីសម័យដើមជារម្មណីយដ្ឋាន មួយសម្រាប់ប្រជាពុទ្ធបរិស័ទ នៅក្នុងស្រុកនេះ។ នៅក្នុងឆ្នាំច ឆស័ក ព.ស. ២៤១៨ គ.ស. ១៨៧៤ ពុទ្ធបរិស័ទក្នុងតំបន់នេះ បានជីករកឃើញ សិលារចនា (ឬក្បាច់ចម្លាក់ដោយថ្ម) មួយផ្ទាំង សព្វថ្ងៃ មកតម្កល់នៅក្នុងមុខអាសនៈក្នុងព្រះវិហារ។ បើតាមសេចក្តីសន្និដ្ឋាន ប្រហែលជាពីជំនាន់ដើម នៅទីត្រពាំងនេះ មានកសាងជាប្រសាទ ឬស្ថូបព្រះចេតិយអ្វីមួយ ។
២. ត្រពាំងទទឹងថ្ងៃ , នេះជាឈ្មោះត្រពាំងមួយមានទំហំរាង ៤ ជ្រុងទ្រវែង ប្រមាណ ១៥ កុងដី, នៅក្បែរមាត់ត្រពាំងនេះ មានតម្បូកមួយ ចម្ងាយពីត្រពាំងប្រមាណ ៥៥ ម. ។ ទីដម្បូកនេះ គឺ ប្រាសាទពីបុរាណ ប៉ុន្តែសព្វថ្ងៃ នៅសល់តែគំនូរថ្មតូចធំ ពាសពេញក្នុងព្រៃ, មានថ្មចម្លាក់ទៅជារូបទង់ និងក្បាច់ផ្សេង ៗ ។ល។
នៅក្នុងឆ្នាំមមី អដ្ឋស័ក ព.ស. ២៣៩០ ពួកជ្វា បានមកគាស់យកកំណប់មាសអស់ពីរ ពន្តុង (ពីរក្រឡ) នៅត្រង់ជ្រុងទិសអាគ្នេយ៍នៃតម្បូកនេះ ។
៣. ត្រពាំងថ្មល់បត, ជាឈ្មោះត្រពាំងមួយនៅក្នុងភមិស្វាយពកខាងលិច ។ ត្រពាំងនេះ មានប្រវែងប្រហែល ២៥០ ម. ទទឹង ២៥ ម. ។
បើយោងទៅតាមវត្ថុបុរាណ ជាភស្តុតាងខ្លះ ៗ ដូចបានរៀបរាប់មកខាងលើនេះ ជាការមួយ បញ្ជាក់ឲ្យឃើញថា ស្វាយពក ជាស្រុកមួយ មានអាយុជាង ៥០០ ឆ្នាំមកហើយ ។

No comments: